អ្នកឯកទេស ក្រុមហ៊ុនទឹកក្រូចម្នាក់ត្រូវបានបញ្ជូនទៅប្រទេសចិន  ដើម្បីឃោសនាអំពីផលិតផលទឹកក្រូចរបស់ក្រុមហ៊ុន។  ប៉ុន្តែដោយមិនចេះភាសាចិន  អ្នកឯកទេសនោះប្រើរូបភាព៣ជំនួសឱ្យការសរសេរជាអក្សរ។
រូបភាពទី១នៅខាងឆ្វេងដៃ  គូរអំពីបុរសម្នាក់ដើរអូសជើងកណ្ដាលសមុទ្រខ្សាច់ក្ដៅស្ទើរស្លាប់  មើលទៅដូចជាមិនសល់កម្លាំងកំហែងក្នុងខ្លួន  និងកំពុងស្រេកទឹកយ៉ាងខ្លាំង។ 
រូបភាពទី២ គូររូបបុរសនោះផឹកទឹកក្រូចរបស់ក្រុមហ៊ុនខាងលើ។
ចំណែករូបភាពទី៣ នៅខាងស្ដាំបង្អស់ គូររូបបុរសនោះសើចក្អាកក្អាយ សប្បាយចិត្ត និងមានកម្លាំងកំហែងឡើងវិញ។
ន័យរបស់រូបភាពទាំង៣ចង់បង្ហាញថា ទោះជាកំពុងហេវហត់យ៉ាងណាក៏ដោយ  ឱ្យតែបានផឹកទឹកក្រូច របស់ក្រុមហ៊ុនខាងលើ  នឹងមានកម្លាំងឡើងវិញភ្លាមមួយរំពេច។
ទោះជាយ៉ាងណា មួយឆ្នាំក្រោយ  មិនត្រឹមតែមិនអាចបង្កើនការលក់ផលិតផលទឹកក្រូចរបស់ក្រុមហ៊ុនខាងលើ ប៉ុណ្ណោះទេ គឺលក់លែងដាច់សោះតែម្ដង រហូតដល់អ្នកឯកទេសរូបនោះ  ត្រូវក្រុមហ៊ុនបណ្ដេញចេញពីការងារដោយសារតែធ្វើឱ្យក្រុមហ៊ុនខាតបង់ ច្រើនពេក។ មានមនុស្សមួយចំនួននឹកឆ្ងល់ ព្រោះបើពិនិត្យរូបភាពឃោសនា  សមតែទឹកក្រូចលក់ដាច់ណាស់ ចុះហេតុយ៉ាងម៉េចក្ស័យធន?  ឮដូច្នេះអ្នកឯកទេសដែលត្រូវបណ្ដេញពីការងារ និយាយយ៉ាងស្រងូតស្រងាត់ថា៖  មកពីខ្ញុំមិនយល់អ្វីសោះ។ ខ្ញុំមិនត្រឹមតែមិនចេះភាសាចិនប៉ុណ្ណោះទេ  ថែមទាំងមិនបានដឹងថា អក្សរចិនអានពីស្ដាំទៅឆ្វេងទៀតផង ហេតុនេះ  រូបភាពឃោសនារបស់ខ្ញុំ ក៏គេមើលពីស្ដាំទៅឆ្វេងដែរ  គឺគេមើលទៅអ្នកកំពុងសប្បាយមានកម្លាំងកំហែង  បន្ទាប់ពីផឹកទឹកក្រូចរបស់ក្រុមហ៊ុនខាងលើ  នឹងក្លាយជាអ្នកបាក់កម្លាំងរហូតដល់ដើរអូសជើង  ព្រោះហេវហត់ពេកលើកជើងលែងរួច៕
No comments:
Post a Comment