អ្នកតា ព្រៃពុំមែនកើតឡើងដោយឯងៗឬក៏មានស្រាប់ដូច ផ្កាយ ព្រះច័ន្ទ ព្រះអាទិត្យនោះឡើយ គឺកើតឡើង ឬឧប្បតិកឡើងតាមការសន្មតរបស់មនុស្សមិនខុសគ្នាពីព្រះអាទិទេពឡើយ។ មនុស្សបង្កើតអាទិទេព ឬអ្នកតា ហើយមនុស្សនាំគ្នាជឿ គោរពអាទិទេព អ្នកតានោះវិញ។ ចាស់ៗតែងបានដំណាលប្រាប់ថា នៅក្នុងព្រៃហ័តព្រៃហោង ដែលមានដើមឈើក្រាស់ជិតស្ទើរមើលមិនឃើញពន្លឺថ្ងៃនោះ តែងតែមានទេព្រ័ក្ស ទេព្តា អ្នកតានៅចាំថែរក្សាព្រៃនោះ។ ប៉ុន្តែអ្នកស្រុកនៅតំបន់ជិតខាងនោះពុំដឹងច្បាស់អំពីទីកន្លែងដែល ពពួក អមនុស្សទាំងនោះតាំងនៅឡើយ។ គេច្រើននាំគ្នាសន្មតថា ទេព្រ័ក្ស អ្នកតាទាំងនោះស្នាក់អាស្រ័យនៅលើដើមឈើធំខ្ពស់ជាងគេ នៅលើថ្មធំ នាកំពូលភ្នំ ឬនៅត្រពាំងធំនៅក្នុងព្រៃនោះ។ ការសន្មតនេះ ពុំមានកិច្ចធានាជាក់លាក់ ធ្វើឲ្យអ្នកស្រុកកត់សម្គាល់ច្បាស់លាស់ថា កន្លែងនោះ ពិតជាលំនៅស្ថានរបស់អ្នកតានោះឡើយ។ គេនៅតែមានការសង្ស័យជាប់ជានិច្ច។ គឺក្នុងស្មារតីចង់ដឹងច្បាស់លាស់ ចង់ឃើញទីតាំងពិតប្រាកដរបស់ទេព្រ័ក្ស អ្នកតានេះហើយ បានជាមានដុះគំនិតឧបកិច្ចឲ្យកើតមានទីលំនៅរបស់អ្នកតាព្រៃដូចរបៀប តទៅនេះ៖
ថ្មើរព្រៃមួយក្រុមបានឈប់សម្រាករកកន្លែងហូបបាយកញ្ចប់ក្រោមដើមឈើ ធំមួយ នៅក្បែរផ្លូវ ដែលជាធម្មតា តែងផ្តល់នូវម្លប់ដ៏ត្រជាក់ ហើយជាកន្លែងស្ថិតនៅជិតប្រភពទឹកផង។ ពេលអង្គុយដំកង់ជាវង់ ក៏បានប្រទះឃើញអាចម៍ឆ្កែមួយដុំ នៅក្បែរនោះ។ ដើម្បីបិទបាំងកុំឲ្យឃើញទិដ្ឋភាពគួរឲ្យខ្ពើមឆ្អើមនៅពេលបរិភោគបាយ កញ្ចប់ គេក៏កាច់ស្លឹកឈើ ៤-៥ មែកគ្របអាចម៏ឆ្កែនោះ ដរាបទាល់តែជិតបាត់ទាំងរូបរាង បាត់ទាំងក្លិន។ គេនាំគ្នាបរិភោគដោយក្សេមក្សាន្ត ដេកសម្រាកយកកម្លាំងបន្តិច រួចក៏បន្តដំណើរទៅមុខទៀត។ ថ្ងៃក្រោយមកមានថ្មើរព្រៃក្រុមផ្សេងៗទៀត បានមកដល់ទីនោះ ឃើញគំនរស្លឹកឈើ ក៏គិតស្មានថា ទីនោះជាទីស្នាក់អាស្រ័យនៅរបស់អ្នកតា ដោយឃើញគេកាច់ស្លឹកឈើថ្វាយ ក៏នាំគ្នាធ្វើតាម។ លុះយូរៗទៅ នៅត្រង់កន្លែងនៅមានគំនរស្លឹកឈើយ៉ាងខ្ពស់ដែលធ្វើឲ្យអ្នកផងយល់ ដូចៗគ្នាថា ជាលំនៅរបស់អ្នកតាព្រៃ។ តំណក្រោយៗមកទៀត ប្រហែលជាមានអ្នកណាទៅបែបន់នៅកន្លែងនោះដើម្បីសុំអ្វី ហើយអ្វីដែលគេសុំនោះ បានសម្រេចតាមបំណង គេក៏នាំគ្នាសង់ខ្ទមត្រង់គំនរស្លឹកឈើនោះទុកជាទីស្នាក់នៅដ៏ សមរម្យរបស់អ្នកតា ហើយដើម្បីឲ្យមានជារូបតំណាងអ្នកតា គេក៏យកដុំថ្មមួយដុំមកដាក់នៅលើខ្ទមនោះទុកជានិមិត្តរូប។ ចំណេរតមកក្រោយទៀត អាចមានរូបចម្លាក់ធ្វើពីឈើខ្លឹមតំណាងឲ្យអ្នកតា ត្រូវបានដាក់ដុំថ្មឥតរាងរៅនោះវិញ។ មានខ្ទម មានម្ចាស់ខ្ទម មានការគោរពបូជា មានបរិស័ទអ្នកជឿ អ្នកគាំទ្រ ទីស្ថានមួយ ដែលកាលពីមុនគ្មានអ្វីទាល់តែសោះនោះ ក៏ក្លាយទៅជា អាសនៈរបស់អ្នកតា។ ចាប់ពីពេលនោះមកផ្សែងធូបហុយស្ទើរមិនដាច់រយៈ តង្វាយផ្សេងៗដូចតទៅ៖ ចេកទុំ ពងមាន់ បំពង់ទឹក បាយពំនូក ផ្លែឈើ ស្លា បារី ផ្កា មានជាប្រចាំនៅទីនោះ។ អ្នកជឿ អ្នកគោរព គេបន់ស្រន់សុំឲ្យដេញសត្វបាន សូមកាប់ឈើបានសុខសាន្តឥតគ្រោះថ្នាក់ អ្នកស្រុកបន់សុំសុខសប្បាយ សុំឲ្យជាពីជម្ងឺរោគាផ្សេងៗ។ល។ នេះហើយជាប្រវត្តិរបស់អ្នកតាព្រៃ តែសូមជម្រាបបញ្ជាក់ផងដែរថា អ្នកតាព្រៃ មិនមែនសុទ្ធតែមានប្រវត្តិដូចពោលខាងលើទាំងអស់នោះទេ មានអ្នកតាខ្លះទៀតអាចមានប្រវត្តិផ្សេងពីនេះដែរ។ គឺយ៉ាងដូច្នេះហើយបានជាអ្នកស្រុកខ្លះនិយាយថា៖ “អ្នកតាកើតមកពីអាចម៍ឆ្កែ!”។
No comments:
Post a Comment