ចេញពីធ្វើការ នាងកែប្រែគំនិតសំរេចចិត្តមិនធ្វើដូចសព្វដងអញ្ចឹង ធ្វើបាយអោយគេហូប បន្ទាប់មកនាងអង្គុយទល់មុខគេមើលទូរទស្សន៍ជាមួយគ្នាដោយមិននិយាយអ្វីទាំងអស់។រៀបការអស់រយៈពេល៦ឆ្នាំហើយការរស់នៅប្រៀបដូចជា ទំរង់បែបបទមួយ ការនិយាយស្តីរបស់គេប្រៀបដូចជាមនុស្សធុញទ្រាន់ចចំពោះគ្នា។
គេ “មកវិញហើយហ្អេស?” នាង “អាចញុំបាយបានហើយឬនៅ?” គេ “អឺ” ទីបំផុតមានថ្ញៃមួយនាងក៏សួរទៅគេថា “បងស្រលាញ់អូនទេ?” គេស្រែកគំហកដាក់នាងថា”តើអូនឆ្គួតឡប់អីទៀតហើយ?" នៅក្នុងចិត្តរបស់នាងអស់សង្ឃឹមយ៉ាងខ្លាំង ការស្រលាញ់គ្នាដែលមានពីមុនមកពេលនេះត្រូវទឹកស្អាត លាងជំរៈអស់រលីង។
នាងបង្វែរកង់សំដៅទៅទិសមួយ ទៅទីណាក៏នាងមិនច្បាស់ដែរ នៅក្នុងចិត្តរបស់នាងនឹកឃើញឧបាយកលដ៏អាក្រក់មួយ នាងចង់សាកចិត្តរបស់គេ តើគេនៅស្រលាញ់នាងទៀតទេ។នាងបិទទូរស័ព្ទដៃ ជិះទៅជិះមកដោយគ្មានទិសដៅពិតប្រាកដ។
នាងញុំមីឆាអស់មួយចាន ក្រោយពីមើល ការបង្ហាញម៉ូដសំលៀកបំពាក់នៅតាមផ្លូវចប់ហើយ តែនៅមិនទាន់យប់នៅឡើយ នាងក៏ដើរបន្តទៀត។ នាងលួចគិតក្នុងចិត្តថា “ពេលនេះគេប្រាកដជាអន្ទះសារហើយមែនទេ? ពេលនេះគួរតែដឹងពីសារៈសំខាន់ខ្ញុំហើយមែនទេ?” នាងពេបមាត់ញញឹមម្នាក់ងង។ ឆ្លងកាត់ហាងកាត់សក់មួយ នាងគិតថាគួរតែដល់ពេលដូរម៉ូតសក់ហើយដើម្បីអោយគេភ្ញាក់ផ្អើលបន្តិច។ នាងដាក់កង់អែបនៅម្ខាង បន្ទាប់មកដើរចូលទៅក្នុងហាងធ្វើសក់។
កក់សក់ កាត់សក់ មូរសក់ ជ្រើសរើសម៉ូដ….. មិននឹកស្មានថាដូរម៉ូដសក់ថ្មីត្រូវវេទនាយ៉ាងនេះសោះ នាងបណ្តោយសក់របស់នាងអោយជាងធ្វើតាមចិត្ត ខ្លួននាងផ្ទាល់ក៏បានគេងលក់ដោយមិនដឹងខ្លួន។ មិនដឹងជាកន្លងផុតទៅយូរប៉ុណ្ណា ជាងធ្វើសក់ក៏បាននិយាយឡើង “រួចហើយ” នាងភ្ញាក់សំលឹងមើលខ្លួនងងនៅក្នុងកញ្ចក់ វា! ពិតជាធ្វើអោយនាងភ្លឺភ្នែកមែន។ បង់លុយរួចនាងបើកទូរស័ព្ទមើលម៉ោង នៅក្នុងចិត្តស្រែកមួយម៉ាត់យ៉ាងខ្លាំង “វីវរហើយ!” ពាក់កណ្តាលយប់ទៅហើយ ការលេងសើចនេះដូចជាធំពេកហើយ។
នាងប្រញាប់ប្រញាល់ធាក់កង់ត្រលប់ទៅផ្ទះវិញ។ មកដល់ក្រោមផ្ទះ នាងមើលឡើងទៅលើផ្ទះ ឃើញនៅមានពន្លឺភ្លើងភ្លឺនៅឡើយ។ នៅក្នុងចិត្តរបស់នាងស្រាប់តែមានអារម្មណ៍កក់ក្តៅឡើងទឹកភ្នែករលីងរលោង។
បើកទ្វារផ្ទះភ្លាមនៅក្នុងផ្ទះស្ញាត់ជ្រាប ដូចជាលឺសំលេងស្រមុកតិចៗ ។ គេគេងនៅលើសាឡុង មាត់ចំហរពាក់កណ្តាល គេងលក់យ៉ាងស្រួល។ នាងឈរសំកុកនៅទីនោះ បេះដូងត្រជាក់អស់ពាក់កណ្តាល នាងគិតថាស្នេហានេះពិតជាដើរដល់ទីបញ្ចប់ហើយ។
ព្រឹកថ្ងៃទី២ ភ្នែកនាងក្រហម នាងធ្វើអាហារពេលព្រឹកនៅផ្ទះបាយ នាងបោះចានចង្កឹះអោយ លឺសូរសំលេង ភីងផាំង។ គេក្រោកចេញពីសាឡុងយកដៃញីភ្នែកហើយសួរ “ហេតុអីក៏យប់មិញអូនមិនបើកទូរស័ព្ទដៃ?” នាងសំយុងភ្នែកចុះមិននិយាយសី្ត។ សំលេងទូរស័ព្ទបន្លឺឡើង នាងរត់ទៅទទួលនោះគឺជាសំលេងស្រែកខ្លាំងៗរបស់មិត្តភក្តិនាង “តើយប់មិញងងទៅទីណា?” ធ្វើបាបពួកយើងមិនបានដេកស្រួលពេញមួយយប់” នាងកំពុងតែឆ្ងល់ គេអេះក្បាលនិយាយ “យប់មិញបងរកអូនមិនឃើញក៏ទូរស័ព្ទទៅមិត្តភកិ្តទាំងអស់របស់អូន” នាងសំលឹងមើលគេ បេះដូងដ៏ត្រជាក់ក៏ត្រលបើទៅជាមាន កំដៅវិញបន្តិច។
គេជួយនាងរៀបចំអាហារពេលព្រឹក ពេលដើរចេញពីផ្ទះបាយទៅតុអាហារ គេស្រាប់តែស្រែក “អូយ” មួយម៉ាត់។ នាងឃើញខោរបស់គេអស់មួយផ្ទាំងធំ។ នាងសួរទាំងភ្ញាក់ផ្អើល “ហេតុអីបានទៅជាអញ្ចឹង?” គេលើកបាយដាក់លើតុ បណ្តើរនិយាយបណ្តើរថា “យប់មិញពេលចេញទៅរកអូន ដើរលឿនពេក មិនប្រយ័ត្នក៏ជំពប់ជើងដួរទៅលើដី” កែវភ្នែករបស់នាងសំលឹងមើលគេជាប់ នៅក្នុងចិត្តដូចជាឈឺចាប់ជំនួសគេបន្តិច។ នាងសួរតិចៗ “ចុះក្រោយមក?” គេឆ្លើយ “ក្រោយមកបងរកឃើញកង់របស់ឈប់នៅមុខហាងធ្វើសក់មួយ ហើយអូនកំពុងតែធ្វើសក់នៅក្នុងហាងនោះ អញ្ចឹងបងក៏ត្រលប់ទៅវិញទៅ” នៅស្ងៀមអស់មួយសន្ទុះ នាងសួរបន្ត “ហេតុអីក៏បងមិនចូលទៅ” គេសួរទាំងឆោត “តើបងចូលទៅធ្វើអី? បើបងមិនចេះធ្វើសក់ផង” នាងចង្អុលទៅថ្ងាសរបស់គេខ្លាំងនិយាយថា “បងងងនេះ” ។
គេញុំបាយបណ្តើរសួរបណ្តើរ “យប់មិញទូរស័ព្ទដៃរបស់អូនអស់ថ្មមែនទេ?” មុខរបស់នាងឡើងក្រហម តែមិន និយាយ។ គេនិយាយ “ថ្ងៃក្រោយ បើមិនត្រលប់មកផ្ទះវិញចាំបាច់ត្រូវទូរស័ព្ទអោយបងផង” នាងងក់ក្បាល។
គេស្លៀកពាក់រួចរាល់ចេញទៅធ្វើការ។ នាងផ្អែកនៅមាត់ទ្វារ ផ្អៀងក្បាលសួរ “ម៉ូដសក់របស់អូនស្អាតទេ?” គេហាក់ដូចទើបតែភ្ញាក់ ពិនិត្យមើលបន្តិចហើយនិយាយ “ស្អាត” ហើយបន្ថែមមួយម៉ាត់ថា “អូនធ្វើសក់ម៉ូដអីក៏ស្អាតដែរ” ។ នាងពេបមាត់ទាំងមិនពេញចិត្ត។ គេក្តិចថ្ពាល់របស់នាងញញឹម គេចេញទៅក្រៅបណ្តើរ ហើយនិយាយ បណ្តើរថា “ពេលយប់ឆាប់ត្រលប់មកផ្ទះវិញបន្តិច ហើយកុំភ្លេចសាកថ្មទូរស័ព្ទដែអោយពេញផង” មើលឃើញគេបាត់ស្រមោលនៅជណ្តើរ នៅក្នុងចិត្តនាងផ្អែមល្អែមយ៉ាងខ្លាំង។
មែនហើយការរស់នៅរបស់ប្តីប្រពន្ធ គឺជាទំរង់បែបនេះ។ មានខ្សែរភ្នែកដែលសំលឹងគ្នាធម្មតាៗ និងការនិយាយគ្នាបែបធុញទ្រាន់ ប៉ុន្តែ នៅក្នុងនោះបែរជាមានបង្កប់នូវស្នេហាមួយដ៏ផ្អែមល្ហែម និង ការស្រលាញ់មួយដែលគ្មានអ្វីអាចនឹងប្រដូចបាន ៕
No comments:
Post a Comment